ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក ហង្ស ចក្រា ចាងហ្វាងគេហទំព័រ ខ្មែរ ម្ចាស់ស្រុក នឹងជាអនុប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានទទួលមរណភាពនៅវេលា ម៉ោង៥ នឹង ៣៨នាទី ព្រឹកថ្ងៃទី១៤ ខែកក្ដដាឆ្នាំ២០២៣ នៅមន្ទីពេទ្យកាលម៉ែត្រ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។
សពលោក ហង្ស ចក្រា តម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ផ្លូវលេខ៤៨ ផ្ទះលេខ៣៤៨សង្កាត់បឹងកេងកង៣ខណ្ឌ បឹងកេងកងរាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកស្រី ស៊ុន សួគ៌ា ព្រមទាំងក្រុមគ្រួសារ ដោយបានគួសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងព័ត៌មានទាំងអស់ ខ្ញុំពិតជាមានសេចក្តីរន្ធត់ក្រៀមកំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថាលោក ហង្ស ចក្រា ដែល់ត្រូវជាស្វាមីរបស់លោកស្រីបាន ទទួលមរណភាព គួរអោយសោកស្តាយអាឡោះអាឡៃបំផុត ។
មរណភាពរបស់លោក ហង្ស ចក្រា គឺជាការបាត់បង់នូវឧត្ដមស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់ ដែលជានិច្ចកាលតែងបាន យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សាផ្តល់នូវដំបូន្មានល្អៗ ដល់កូនចៅឱ្យបាន ក្លាយជាពលរដ្ឋល្អក្នុងសង្គម ហើយក៏ជាការបាត់បង់នូវធនធានមនុស្សដែលមានបទពិសោធន៍ជាច្រើនក្នុង វិស័យព័ត៌មាន ហើយតែងជួយចែករំលែកនូវពុទ្ធិដល់មិត្តរួមអាជីពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន ជំនាន់ក្រោយប្រកបដោយទឹកចិត្តល្អបរិសុទ្ធ។
ក្នុងវេលាប្រកបដោយមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយ លោកស្រី ដែលជាភរិយា ព្រមទាំងក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយទាំងអស់ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោក ហង្ស ចក្រា ជាទីគោរពស្រលាញ់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕