ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងលោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណ នៅឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការតែងតាំង ផ្លាស់ប្ដូរ និងផ្ទេរភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់មុខតំណែងផ្សេងៗក្នុងស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងការដឹកនាំ គ្រប់គ្រង សំដៅធ្វើឱ្យមានការកែទម្រង់ប្រព័ន្ធការងារ ឱ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើ ដល់ប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណថ្មី និងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការបណ្ដាស្ថាប័នអង្គភាពជំនាញនានាជុំវិញស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ សូមយកចិត្តទុកដាក់បំពេញការងារអោយស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យចរន្តការងារមានភាពរលូន ស៊ីសង្វាក់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។
លោក អន សុីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាល បានអោយដឹងថា ការផ្ទេរភារកិច្ចប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ គឺជាកិច្ចការធម្មតារបស់អង្គភាពគយ និងរដ្ឋាករ ដែលមានគោលការណ៍ផ្ទេរភារកិច្ចបំពេញការងាររបស់មន្ត្រី ស្របតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវា ការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងជាពិសេសការប្រមូលពន្ធនឹងអាករចូលថវិកាជាតិរបស់អង្គភាពនីមួយៗ ។
សូមបញ្ជាក់ផងដែរថា៖ លោក សុង មាល័យ ត្រូវបានផ្ទេរភារកិច្ចមកទទួលខុសត្រូវជាប្រធានការិយាល័យគយ និងរដ្ឋាករក្អមសំណ ជំនួយ លោក សូ សុវណ្ណារ៉េត ត្រូវបានផ្ទេរភារកិច្ចទៅបំពេញការងារជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ។