ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។=>សមិទ្ធិផលអាវុធហត្ថរាជធានីភ្នំពេញថ្មីមួយទៀត បាននិងកំពុងសាងសង់ជិតរួចរាល់ ត្រៀមដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗ!=>លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំនិងបញ្ជាផ្ទាល់ នាំយករថយន្តដឹកទឹក ទៅបាញ់លើដំបូលសាលា...=>សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសួរសុខទុក្ខនិងពាំនាំយកសម្ភារៈ ថវិការ ជូនគ្រួសារ ដែលឆេះផ្ទះដោយសារចរន្តអគ្គីសនី...=>សមត្ថកិច្ច​ចាប់​ខ្លួន​បានមេខ្លោង​ចំនួន ១០នាក់​ ជុំវិញ​ករណី​កាប់ទន្ទ្រានដីរដ្ឋ​ និង​ដកហូតដីជាង​ ៧​ ពាន់ហិកតា​ នៅខេត្ត​ស្ទឹង​ត្រែង​=>បក្ខពួកក្រុមអ្នកក្លាហានលេងដាវកាំបិតម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! =>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ=>អាធរខណ្ឌមានជ័យចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ២២៣ បណ្ណ័ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៥ ភូមិ...=>ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!
0

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើដល់ភាគីកូរ៉េជួយផ្តល់បច្ចេកវិទ្យាបច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្មនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើដល់ភាគីកូរ៉េជួយផ្តល់បច្ចេកវិទ្យាបច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្មនៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើដល់ភាគីកូរ៉េជួយពិនិត្យ ពិចារណា ដល់ការបញ្ជ្រាបនិងបញ្ចូលបច្ចេកវិទ្យា បច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្ម ដូចជា៖ ការជំរុញការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពបៃតង ជាពិសេសជួយជំរុញដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ដល់ការដាំដុះផ្កា ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាកសិករកម្ពុជា ។

ការស្នើសុំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើឡើងក្នុងឱកាសទទួលជួបលោកបណ្ឌិត Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA ដើម្បីសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភគាំទ្ររបស់សាធារណរដ្ឋកូរ៉េមកកម្ពុជាលើវិស័យកសិកម្ម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរលោកបណ្ឌិត Song Young Ju ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA ប្រចាំនៅកម្ពុជា ហើយតាមរយៈលោក បណ្ឌិត ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនកូរ៉េ និងរដ្ឋាភិបាលកូរ៉េដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជាជាង ១០ឆ្នាំ កន្លងទៅនេះ ដោយផ្តោតលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្ត និងពង្រីកកិច្ចសហការដ៏ល្អនេះបន្ថែមទៀត ជាពិសេសលើការងារបណ្ដុះបណ្ដាល ស្រាវជ្រាវពូជដំណាំដែលកំពុងមានសក្ដានុពល ដូចជាពូជពោតក្រហម ជាមួយអគ្គនាយកដ្ឋានកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ។

នាឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី ហើយគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីជម្រាបជូនឯកឧត្តមជ្រាបអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផលិតកម្មពូជពោតក្រហម CHM01 ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជាទី១។ ចំពោះគម្រោងនេះ លោកបណ្ឌិតបានបញ្ជាក់ថា ពូជ CHM01 គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកលើផ្ទៃដី ៧ហិកតា ដើម្បីចែកជូនកសិករតាមខេត្តគោលដៅ។ លោកបណ្ឌិតបន្ថែមថា ពូជCHM01នេះគឺជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ហើយផែនការអនុវត្ត ៣ឆ្នាំ ២០២១-២០២៣ នៃគម្រោងនេះគឺនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន២០គីឡូ សម្រាប់ធ្វើការដាំដុះក្នុង១ហិកតា ដោយត្រូវចែកជូនកសិករដាំដុះឱ្យបាន ៣០០ហិកតា ហើយទិន្នផលដែលរំពឹងនឹងអាចទទួលបានគឺ ៩-១០ តោនក្នុង១ហិកតា។

ចំពោះគម្រោងផ្សេងៗដូចជា គម្រោងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 និងគម្រោងសាកវប្បកម្ម កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តផ្តល់ការគាំទ្របន្ថែមទៀតផងដែរ ។

បន្ទាប់ពីទទួលបានដំណឹងដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA និងអគ្គនាយកដ្ឋានកសិកម្ម ដោយឯកឧត្តមបានបញ្ជាក់ថានេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពោតក្រហមគឺជាដំណាំដ៏មានសក្ដានុពល សម្រាប់កម្ពុជា ហើយតាមរយៈពូជថ្មីនេះ ឯកឧត្តមសង្ឃឹមថានឹងអាចពង្រីកផលិតកម្មឱ្យកាន់តែច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ក្រសួងក្នុងការជំរុញការផលិត ផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិតចំណីសត្វ និងឈានទៅធ្វើការនាំចេញពោតក្រហមឱ្យបានច្រើនថែមទៀត។ សម្រាប់ជាយុទ្ធសាស្ត្របន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តីស្នើដល់ភាគីកូរ៉េ និងអគ្គនាយកដ្ឋានកសិកម្មបន្តកិច្ចសហការដ៏ល្អនេះ ជំរុញការផលិត និងបន្តការបង្កាត់ពូជថ្មីៗបន្ថែមទៀត គឺពូជ CHM02 និង CHM03។

ទន្ទឹមនឹងនេះ ដើម្បីនិរន្តរភាពនៃការផលិត និងបង្កាត់ពូជថ្មីនេះសម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស គួរពិនិត្យ ពិចារណា និងជ្រើសរើសវិស័យឯកជនដែលមានទាំងធនធាន និងសក្ដានុពលឱ្យចូលរួមក្នុងការងារនេះ។ អគ្គនាយកដ្ឋានកសិកម្មក៏ត្រូវប្រើប្រាស់យន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពនៃពូជនេះឱ្យបានល្អប្រសើរមុន និងក្រោយប្រគល់ជូនប្រជាកសិករ។ ហើយក៏គួរមានកិច្ចសហការ និងកន្លែងដាំបង្ហាញពូជពោតក្រហម CHM01 នៅតាមសាកលវិទ្យាល័យ និងសាលាកសិកម្ម ដើម្បីនិស្សិតអាចចូលរួមធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com