ឯកឧត្តម ជ្រិន សុខា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារនាំយករថយន្តប្រមូលសំរាមចំនួន ១គ្រឿង រួមជាមួយធុងសំរាមចំនួន ៥០ធុង ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការងារប្រមូលសំរាម និងលើកកម្ពស់អនាម័យបរិស្ថាន។
ពិធីប្រគល់-ទទួលនេះត្រូវបានរៀបចំឡើងនៅបរិវេណវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពី លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ការផ្តល់ជូននូវសម្ភារៈទាំងនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែមានប្រសិទ្ធភាព និងរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជាលើកកម្ពស់សោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេស ការផ្តល់ជូននេះគឺស្របពេលដែលវត្តពោធិ៍ ៥០០០ដើម កំពុងមានប្រជាពលរដ្ឋជម្លៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសំរាម និងអនាម័យ ដើម្បីធានាសុខភាពសាធារណៈរបស់ពួកគាត់៕ដោយ ខៀវ ផល្លា ប្រចាំខេត្តព្រះវិហារ