ជាកិច្ចចាប់ផ្ដើមសម្តេច បានអញ្ជើញទស្សនាតាមស្តង់ផលិតផលនានា ការប្រារព្ធរៀបចំកម្មវិធីបែបព្រះពុទ្ធសាសនា ការបង្ហាញទស្សនីយភាពផ្សេងៗ។ បន្ទាប់មក ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបជូនអង្គពិធីជូនជ្រាប។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៥នេះ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកោះករនៅខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍ក្នុងទិវាដ៏មហានក្ខត្តឫក្សនោះ សម្តេចមានមោទនភាព និងថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយមូលដ្ឋាន និងអាជ្ញាធរមានសមត្ថិកិច្ច កងកម្លាំងទាំងបីប្រភេទ នៃខេត្តបាត់ដំបង ក្នុងការបំពេញភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត ធ្វើឲ្យពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៥ ប្រព្រឹត្តិទៅដោយអធិកអធម និងសប្បាយរីករាយ។
សម្ដេច មានប្រសាសន៍បន្តថា បើតាមឯកសារប្រវត្តិបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិគឺ ជាបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាយើង ដែលកំណត់យកជាថ្ងៃឈប់សំរាក របស់ប្រជាពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ។ តាមទម្លាប់ខ្មែរយើងនិយមរៀបចំចូលឆ្នាំចំនួន ៣ថ្ងៃ គឺ៖ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ ជាថ្ងៃ (វារៈ) វនបត, ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ចំពោះខ្មែរយើងនាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជា រៀងរាល់ឆ្នាំ ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិការលទី៧ នៃរដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលនៅអាណត្តិមុនៗដែរ គឺតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅគ្រប់ទីកន្លែងទាំងតាមក្រសួង មន្ទីរ គ្រឹះស្ថាន ស្ថាប័នឯកជន រួមទាំងសាលារៀន ភ្ជាប់ដោយការលេងល្បែង ប្រជាប្រិយខ្មែរចម្រុះ សកម្មភាពរាំកម្សាន្តចង្វាក់ ប្រជាប្រិយខ្មែរ ការតាំងលក់ផលិតផលក៏ដូចជាម្ហូបអាហារប្រចាំតំបន់។ល។ ដែល ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនោះឆ្លុះបញ្ចាំងនូវអត្ថន័យសំខាន់ៗជាច្រើន។
សម្តេច មានប្រសាសន៍បន្ថែមថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ទើបប្រជាជន រួមទាំងភ្ញៀវបរទេសផងដែរ អាចធ្វើដំណើរកម្សាន្តបានទៅកាន់គ្រប់ទិសទីទាំងអស់ ដោយពុំមានការភ័យខ្លាច។ កំណើននៃភ្ញៀវទេសចរ ដែលដើរកម្សាន្តនេះ ក៏មិន អាចកាត់ផ្តាច់ពីការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយពីសំណាក់កងកម្លាំងគ្រប់ប្រភេទ រួមទាំងប្រជាការពារនៅតាមមូលដ្ឋាន ដែលបានលះបង់ពេលវេលា នៃការជួបជុំក្រុមគ្រួសាររបស់ខ្លួន ដើម្បីសុខសុវត្ថិភាព ការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រួមទាំងនៅតាមទីវត្តអារាម ក៏ដូចជា នៅតាមទីកន្លែងកម្សាន្តនានានៅទូទាំងប្រទេស។
ពីវេទិកាអធិបតី សម្តេច បានថ្លែងនូវការកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងបីគ្រប់ប្រភេទ និងកម្លាំងប្រជាការពារទាំងអស់ ដែលបានចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ បង្កបរិយាកាសសុខសន្តិភាព សុវត្ថិភាព និងផ្តល់ទំនុកចិត្ត ដល់ប្រជាពលរដ្ឋដើរលេងកំសាន្តជួបជុំគ្រួសារ ញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំ និងមានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សាមគ្គីភាព ភាតរភាព ក្នុងនាមជាមហាគ្រួសារខ្មែរ ក្រោមដំបូលនៃសុខសន្តិភាពនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានផ្តល់អនុសាសន៍មួយចំនួន៖ រួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាព ទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យជាបន្តទៀត។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ អាជ្ញាធរមានសមត្តកិច្ច និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាព ជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ
ដើម្បីបង្ក្រាបនឹងទប់ស្កាត់បានទាន់ពេលវេលា។ ទន្ទឹមនឹងកំណើន នៃភ្ញៀវទេសចរណ៍ផ្ទៃក្នុង យើងក៏នៅមានបញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសំណាក់មន្ត្រីជាអ្នកអនុវត្តច្បាប់ និងប្រជាពលរដ្ឋទូទៅនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ក្នុងន័យនេះសម្តេចសូមអំពាវនាវដល់កម្លាំងនគរបាលចរាចរណ៍ទាំងអស់បន្តអនុវត្តច្បាប់ឲ្យបានតឹងរឹងបន្តទៀត ឈរលើគោលការណ៍ស្មើភាពគ្នាដោយមិនមានការ លើកលែងថា ជាមន្ត្រីមានអំណាច មានបុណ្យស័ក្តិ ឬមានខ្នងធំនោះឡើយ ត្រូវធ្វើ យ៉ាងណាឱ្យគ្រប់គ្នាមានភាពស្មើគ្នានៅចំពោះមុខច្បាប់។ ចំណែកប្រជាពលរដ្ឋក៏ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដូចគ្នា នោះគឺត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកគ្រប់ពេលវេលាឲ្យបានគ្រប់គ្នា ចំពោះអ្នកប្រើប្រាស់ទោចក្រយានយាន្ត ដោយត្រូវពាក់មួកសុវត្ថិភាព សម្រាប់អ្នកជិះរថយន្ត ត្រូវពាក់ខ្សែក្រវាត់ការពារ និងមិនត្រូវ បើកបរលឿនហួសល្បឿនកំណត់ និងក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន នោះឡើយ។ ត្រូវបង្កើនការអប់រំប្រជាពលរដ្ឋឲ្យចូលរួមបង្ការគ្រោះថ្នាក់នានា ក្នុងសង្គម ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យមកលើផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ ទន្ទឹមនេះ អាជ្ញាធរមាន សមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធការពារអគ្គិភ័យនៅតាមអគារ សំណង់នានាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសកំណត់ ព្រមទាំងបង្កើន ការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារភ្លើងឆេះព្រៃនៅតាមមូលដ្ឋានរៀងៗខ្លួន។ សូមចៀសវាងលេងល្បែងទាំងឡាយណាដែលមិនមែនជាល្បែងប្រជាប្រិយ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យមិនមានសុវត្ថិភាព និងមានគ្រោះថ្នាក់ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។ សូមបង្កើតការប្រុងប្រយ័ត្នឲ្យខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ ពិសេសករណីពុលអាហារដែលបណ្តាលមកពីការទិញអាហារដែលហួសកាលបរិច្ឆេទ ប្រើប្រាស់ ទំនិញខូចគុណភាព ការទុកដាក់អាហារមិនមានអនាម័យ។ល។ និងត្រូវបង្កើតការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះការទទួលទានគ្រឿងស្រវឹង សូមធ្វើយ៉ាងណាទទួលទានដោយការទទួលខុសត្រូវ ចេះប្រមាណចំពោះសុខភាព៕