ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រុមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ អភិបាលរងរាជធានី-ខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៣ នៃខេត្តកណ្ដាល មន្ទីរជុំវិញខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។
មានប្រសាសន៍ នាឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងបានកោតសរសើរចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានខិតខំទទួលបានសមិទ្ធផលនានា នាពេលកន្លងមកទាំងគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច និងវប្បធម៌។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានជីវភាពប្រសើរឡើង ជាពិសេសការកែលម្អលក្ខខណ្ឌការរស់នៅ តាមរយៈការលើកកម្ពស់ការផ្ដល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្ដូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព ពីការបន្ទោសបង់ពាសវាលពាសកាល មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។
ឯកឧត្តម រដ្ឋមន្រ្តី បន្តថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយសមត្ថភាពខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដម រដ្ឋមន្ត្រី បន្ថែមថា៖ ឈរលើស្មារតីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៤-២០២៨ ដោយឈរលើទស្សនៈវិស័យ នៃគោលនយោបាយ “កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន ទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌” សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែប្រសើរឡើង។ ហើយដើម្បីសម្រេចបាននូវគោលនយោបាយ និងគោលបំណង នៃគោលនយោបាយខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់នូវយុទ្ធសាស្ត្រអាទិភាពចំនួន ៥ គឺ៖
១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ប្រកបដោយភាពធន់។ ២. លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទុំ។ ៣. អភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ។ ៤. ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ។ ៥. ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ ស្ថានភាពអនាម័យខេត្តកណ្ដាល មានការវិវឌ្ឍន៍កាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមឆ្នាំ២០២៤ ខេត្តកណ្ដាលមានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ ខ្នងផ្ទះ ។ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ស្មើនឹង ១០០% ក្នុងនោះ ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣% ។ ចំនួន ក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០% ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០% ចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។
ឯកឧត្ដម អភិបាលខេត្តបន្តថា៖ ចំពោះសមិទ្ធផលលេចធ្លោលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅឆ្នាំ២០២២ ខេត្តកណ្ដាលទទួលបានជ័យលាភីជាខេត្ត ODF ហើយនៅឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល តាមរយៈក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទខេត្ត (PWG-RWSSH) បានសហការយ៉ាងស្វិតស្វាញជាមួយមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូ ជាពិសេសអង្គការវ័តធឺអេត (WaterAid) បានប្តេជ្ញាចិត្តរួមគ្នាជំរុញខេត្តកណ្ដាល ធ្វើយ៉ាងណាឱ្យសម្រេចបានស្ថានភាព ODF+ យ៉ាងយូរនៅតឹ្រមដំណាច់ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ។