ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ចបានទទួលជួបលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលជាអ្នកផ្គត់ផ្គង់អាហារក្នុងពិធីធំៗក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យនិងទទួលកញ្ចប់អាហារពេលព្រឹកដោយឥតគិតថ្លៃជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្គត់ផ្គង់កញ្ចប់អាហារពេលព្រឹកជាង ៣០០ កញ្ចប់ក្នុងមួយលើកៗ រហូតដល់ចប់ដំណើរទស្សនកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះលោក ទូច រដ្ឋា អគ្គនាយកក្រុមហ៊ុន ចុងភៅ សេងហុកហេង ដែលបានចូលរួមគាំទ្រដំណើរតស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោក ទូច រដ្ឋា បានបង្ហាញការគាំទ្រចំពោះដំណើរតស្សនកិច្ចនេះនិងបានបង្ហាញការរីករាយដែលអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់កញ្ចប់អាហារពេលព្រឹកដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមដំណើរទស្សនកិច្ច នៅទិសឦសានដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ” ដោយដំណើរកំសាន្តនេះ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។